មន្ដ្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានចូលរួមការបំពាក់គ្រឿងឥស្សរយសមេដាយ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ
ពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ
__រដ្ឋបាលខេត្តបន្ទាយមានជ័យ : ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត។
ពិធីបិទសន្និបាតសុខាភិបាល មានការអញ្ជើញចូលរួមពី មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ(មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព) មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ(KOFIH) កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក អង្គការដៃគូអភិវឌ្ឍ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ សរុបចំនួន ៧៩១នាក់។
សន្និបាតនេះ រៀបចំឡើងដោយផ្តោតសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ ដើម្បីឆ្លើយតបឱ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងការពន្លឿននៃវឌ្ឍនភាពនៃកម្មវីធីសុខភាព ឆ្ពោះទៅសម្រេចគោលដៅ ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្រ្តីរាជការ គ្រូពេទ្យ បុគ្គលិក នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ក្នុងការការពារសុខភាព និងការបម្រើសេវាថែទាំ ព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពយើង នៅក្នុងកាលៈទេសៈនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបំពាក់គ្រឿងឥស្សរិយយមេដាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ចំនួន ៦០៨នាក់ ក្នុងនោះមន្ដ្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងបុគ្គលិកិច្ចសន្យា ក៏បានចូលរួមទទួលបំពាក់គ្រឿងឥស្សរយសមេដាយផងដែរ។

































Comments
Post a Comment