គ្រូពេទ្យ៣រូបនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែតបានចូលរួមវគ្គបណ្ដុះបណ្ដាលបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
——ខេត្តកំពង់ចាម៖ ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ នឹងដើម្បីបណ្ដុះបណ្ដាលបន្ត អំពីវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូន ទៅដល់បុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅតាមមណ្ឌលសុខភាព។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចអំពីសារៈសំខាន់ នៃផ្នែកសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ និងបានផ្តល់ជាអនុសាសន៍ណែនាំ ដល់សិក្ខាកាមទាំងអស់ ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះត្រលប់ទៅបំពេញការងារ នៅតាមមន្ទីរពេទ្យរបស់ខ្លួនវិញ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើ ជាពិសេសត្រូវបំពេញភារៈកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាល ដែលមានក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយមេត្តា ករុណា ចំពោះអ្នកជំងឺដោយចាត់ទុកអ្នកជំងឺដូចជាក្រុមគ្រួសាររបស់យើង យកចិត្តទុកដាក់ក្នុងការសង្រ្គោះប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន ៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន ១ថ្ងៃ អនុវត្តនៅលើម៉ានីកាំងរយៈពេល ១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី នាយកដ្ឋានមន្ទីរពេទ្យ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពងចាម មន្ទីរពេទ្យខេត្តកំពង់ចាម ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួល ពីការិយាល័យគិលានុបដ្ឋាក និងឆ្មប សិក្ខាកាមចូលរួមសរុបចំនួន ៨៧រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ក្នុងខេត្តព្រះវិហារ ក្រចេះ សៀមរាប ឧត្តរមានជ័យ ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ធំ រាជធានីភ្នំពេញ ប៉ៃលិន និងកំពង់ចាម។




Comments
Post a Comment